ក្រុមបេសកកម្មសិស្សកម្ពុជា ធ្វើទស្សនៈកិច្ចសិក្សា សង្គម វប្បធម៌ សហគមន៍ និង ជួយច្រូតស្រូវប្រជាពលរដ្ឋ

ព្រៃវែង៖ ក្រុមយុវជនបេសកកម្មសិស្សកម្ពុជា ក្រោមការជួយឧបត្ថម្ភពីសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ាន ណារី តំណាងឯកឧត្ដមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចុះសាកសួរសុខទុក្ខ និង នាំយកអំណោយជាសម្ភារៈសិក្សា ចែកជូនដល់សិស្សានុសិស្ស ចំនួន ១០០នាក់ នៅសាលាបឋមសិក្សាមានជ័យ និង ជូនថវិកាដល់លោកតា លោកយាយចាស់ជរាចំនួន ៣២នាក់ ស្ថិតនៅក្នុងភូមិពាក់ស្បៃ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ព្រមទាំងបានចុះជួយច្រូតកាត់ ប្រមូលផលស្រូវ ប្រជាកសិករនៅទីនោះផងដែរ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។

យុវជន ឡឹប នូរ៉ូទីន ប្រធានក្រុមបេសកកម្មសិស្សកម្ពុជា បានឱ្យដឹងថា បេសកកម្មសិស្សកម្ពុជា មានគោលបំណងជម្រុញឲ្យយុវជនយុវនារី ក៏ដូចជាសិស្សានុសិស្ស ចូលរួមក្នុងសកម្មភាពអភិវឌ្ឍដោយក្ដីក្លាហាន។ បង្វែរពីការចំណាយពេលឥតប្រយោជន៍ ត្រឡប់មកជាការចូលរួម និងធ្វើអ្វីឲ្យសង្គមកាន់តែរីកចំរើន។ ជម្រុញលើកទឹកចិត្តយុវជន យុវនារី និង សិស្សានុសិស្សឲ្យស្គាល់តម្លៃនៃការសិក្សា ចំណេះដឹងចោរលួចមិនបាន ចាយច្រើនចម្រើនឡើង។ ជម្រុញការយល់ដឹងលើសុភាសិតមួយ «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» «ខំរៀនគឺចេះ ចង់មានគឺរៀន»។ ចង់ជម្រុញឲ្យយុវជនយុវនារីសិស្សានុសិស្សស្គាល់តម្លៃបងប្អូនប្រជាកសិករ (រស់ដោយសារអ្នកស្រែសូមកុំដៀលអ្នកស្រែ)។

លោកជំទាវ ម៉ាន ណារី ក្នុងនាមឯកឧត្ដម អូស្មាន ហាស្សាន់ បានជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី យកចំណេះដឹងចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ បានផ្ដាំផ្ញើដល់សិស្សទាំងអស់ តស៊ូជំនះរាល់ឧបសគ្គ ដើម្បីជោគជ័យក្នុងការសិក្សា ក្មួយៗត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព អនាម័យ គោរពវិន័យសាលា គោរព និង ស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូ ឪពុកម្ដាយ ចាស់ទុំ ចេះជួយការងារឪពុកម្ដាយ និង ចេះជួយមិត្តភក្ដិ។