ប្រធាន CMYA ចុះសួរសុខទុក្ខ​ និងនាំយកអំណោយ ជាលេីកទី២ ជូនជនរងគ្រោះដោយអគ្គីភ័យទាំង​ ២៤គ្រួសារ​ ក្នុងសង្កាត់ច្រាំងចំរេះ២​ រាជធានីភ្នំពេញ

ភ្នំពេញ៖​ នារសៀលថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០១៩ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA)​ ព្រមទាំងសមាជិកសមាជិការ បានអញ្ជេីញសាកសួរសុខទុក្ខ និងពាំនាំនូវអំណោយគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន ចែកជូនដល់ជនរងគ្រោះដោយអគ្គីភ័យកាលពីថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅទីតាំង​ ភូមិ​ឃ​ សង្កាត់ច្រាំងចំរេះ២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។​ អំណោយខាងលេីនេះទទួលបានពី​សប្បុរសជននានា​ តាមរយៈការអំពាវនាវរបស់ CMYA។

តាមសេចក្តីរាយការណ៍របស់អជ្ញាធរបានអោយដឹងថា អគ្គីភ័យខាងលេីបង្កឲ្យខូចខាតអស់ផ្ទះចំនួន១៤ខ្នង ស្មើនឹង​ ២៤គ្រួសារ ក្នុងនោះផ្ទះដែលឆេះទាំងស្រុងមានចំនួន០៦ខ្នង​ និង​ ០៨ខ្នងទៀតរងការខូចខាតធ្ងន់ធ្ងរ​ ខណៈក្មេងប្រុសអាយុ​ ១២ឆ្នាំម្នាក់បានស្លាប់ និងបុរសជាឪពុករងរបួសធ្ងន់។

គួររំលឹកថានេះគឺជាលេីកទី២ហេីយ​ដែលលោក​ ណាសៀត​ អូស្មាន​ បានដឹកនាំសមាជិកសមាជិកា​ អញ្ជេីញសួរសុខទុក្ខ​ និងនាំយកអំណោយប្រគល់ជូនជនរងគ្រោះទាំង​ ២៤គ្រួសារខាងលេី​ ខណៈលេីកទី១ប្រព្រឹត្តទៅកាលពីថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩។