ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ណាសៀត អូស្មាន សមាជិកថ្នាក់កណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជា ដឹកនាំគណៈប្រតិភូនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន១៥គ្រួសារ កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ នៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ក្នុងឱកាសសំណេះសំណាល គណៈប្រតិភូ បាននាំនូវការចូលរួមសោកស្ដាយពី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួល បន្ទុកបេសកកម្មពិសេស និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់ប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយអគ្គីភ័យឆាបឆេះ ដោយក្ដីសោកស្ដាយជាទីបំផុត។
លោក ណាសៀត អូស្មាន ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យដែលអាចកេីតជាយថាហេតុណាមួយដែលយេីងមិនអាចដឹងមុនទេ។ បន្ថែមពីនោះ គណៈអធិបតី ក៏បានលើកទឹកចិត្តដល់ពួកគាត់ កុំឲ្យអស់សង្ឃឹមតឲ្យសោះ និងត្រូវតស៊ូទៅមុខបន្តទៀត។
ជាចុងក្រោយលោក សង្ឃឹមថានឹងមានសប្បុរសជនមកជួយបងប្អូនបន្តបន្ទាប់ទៀត ដោយលោក បានលើកទឹកចិត្តថា យើងរួមសុខ រួមទុក្ខជាមួយគ្នា ថ្នាក់ដឹកនាំមិនទុកបងប្អូនចោលនោះទេ។
គួរជម្រាបថា អំណោយដែលទទួលបានសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះចំនួន ១៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ថវិកា៤០០,០០០រៀល ដែលជាជំនួយរបស់សមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជា និងអង្ករ ២៥គីឡូក្រាម, មី ១កេស, ស្ករស ៥ គីឡូក្រាម និងត្រីខ ១យួរ ដែលជាជំនួយតាមរយៈសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម៕