ស.យ.ម.ក ជួបជុំសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកា ជាលើកដំបូង

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា បានរៀបចំពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ គ្រប់រាជធានីខេត្ត សមាជិកសមាជិកា ដែលជាការ ជួបជុំលើកដំបូង របស់សមាគមមួយនេះ បន្ទាប់ពីត្រូវបានចុះបញ្ជី នៅក្នុងក្រសួងមហាផ្ទៃកាល ពីចុងឆ្នាំ២០១៥នេះ។

ពិធីសំណេះសំណាលនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ាដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា។ ក្នុងពិធីជួបជុំ សំណេះសំណាលនេះ ក៏មានវត្តមានរបស់ ឯកឧត្តម ហ្សាករីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម សុះ មុះសិន រដ្ឋលេខាធិការ ក្រសូងធម្មការ និងសាសនា និង ជាអនុប្រធាន សហភាពសហព័ន្ឋយុវជនកម្ពុជា ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំយុវជនរាជធានី ខេត្ត សមាជិកសមាជិកា ប្រមាណ ៤០០នាក់។

បន្ទាប់ពីមតិស្វាគមន៍របស់ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ឯកឧត្តម សុះ មុះសិន ក្នុងនាមអនុប្រធាន សហភាពសហព័ន្ឋយុវជនមុស្លិមកម្ពុជា បានមានមតិចំណាប់ អារម្មណ៍ និង សំដែងការគាំទ្រ ចំពោះទស្សនវិស័យ និង គោលការណ៍ដែលសមាគមនេះ បានដាក់ចេញ ក្នុងគោលបំណង ពង្រឹងកម្លាំងយុវជនមុស្លិមកម្ពុជា ចូលរួមក្នុងការអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។ ឯកឧត្តមបន្តថា យុវជនត្រូវមានឆន្ទៈ និង ការតស៊ូ មិនខ្លាចការនឿយហត់ ជាពិសេសមិនត្រូវគិតអំពី កម្រៃផលប្រយោជន៍ភ្លាមៗនោះឡើយ គឺត្រូវសម្លឹងមើលប្រយោជន៍ជាតិ និង អនាគតរបស់ខ្លួន បន្ទាប់ពីយើងបានចូលរួម យ៉ាងសកម្មក្នុងសហគមន៍ យើងនឹងមានឱកាសច្រើន។ ជាក់ស្តែងកម្លាំងយុវជន របស់សហភាពសហព័ន្ឋយុវជនកម្ពុជា ជាគំរូស្រាប់ ពួកគេសុទ្ឋតែជាអ្នកស្ម័គ្រចិត្ត និងលះបង់ពេលវេលា និង កម្លាំងកាយចិត្ត ដើម្បីចូលរួមរាល់សកម្មភាពនានាក្នុងសង្គម ដោយកិច្ចខំប្រឹងប្រែង សហភាពសហព័ន្ឋ យុវជនកម្ពុជា បាននាំមកនូវបទពិសោធន៍ការងារ បំលាស់ប្តូរជីវិត របស់យុវជនទាំងនោះ ក្លាយជាអ្នកដឹក នាំប្រកបដោយសមត្ថភាពខ្ពស់ ដើម្បីបម្រើជាតិ។

ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ បានលើកឡើងថា យុវជនជាកម្លាំងស្នូលមួយ ដែលសហគមន៍ពឹងផ្អែក និង ត្រូវការ ដូចនេះយុវជនត្រូវមាន គោលជំហរ ឆន្ទៈលះបង់ខ្ពស់ ព្រោះមានតែការ តស៊ូលះបង់នេះហើយ ជាភាពជោគជ័យមួយសម្រាប់ខ្លួន និង សង្គមជាតិនៅពេល អនាគត។ ឯកឧត្តមបន្តថា យុវជនក៏ត្រូវមានមហិជ្ជតាមួយចង់ដឹង ចង់ចេះ និង ចង់រៀនពីអ្នកដទៃ នូវរាល់ចំណេះដឹង ជាពិសេសមិនត្រូវ រាងចាលនឹងឧបសគ្គនានា ​នៅចំពោះមុខ ដែលនាំនូវភាពបរាជ័យ ផ្ទុយទៅវិញ ត្រូវចេះស្រាវជ្រាវ រិះរកគ្រប់វិធីសាស្រ្ត ដោយសន្តិវិធី ព្រោះឧបសគ្គ និងភាព បរាជ័យទាំងនោះហើយ ជាបទពិសោធន៍របស់យើង និង នាំយើងទៅសម្រេចបាននូវភាព ជោគជ័យជាក់ជាមិនខានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *