(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២នេះ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូនាំយកថវិកាមួយចំនួនចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន៤២គ្រួសារ កាលពីយប់ថ្ងៃទី០៦ ខែឧសភា នៅ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
ក្នុងឱកាសសំណេះសំណាល គណៈប្រតិភូ បាននាំនូវការចូលរួមសោកស្ដាយពី ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់ប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយអគ្គីភ័យឆាបឆេះ ដោយក្ដីសោកស្ដាយជាទីបំផុត។
លោក ណាសៀត អូស្មាន ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យដែលអាចកេីតជាយថាហេតុណាមួយដែលយេីងមិនអាចដឹងមុនទេ។ បន្ថែមពីនោះ គណៈអធិបតី ក៏បានលើកទឹកចិត្តដល់ពួកគាត់ កុំឲ្យអស់សង្ឃឹមឲ្យសោះ និងត្រូវតស៊ូទៅមុខបន្តទៀត។
ជាចុងក្រោយ លោក សង្ឃឹមថានឹងមានសប្បុរសជនមកជួយបងប្អូនបន្តបន្ទាប់ទៀត ដោយឯកឧត្តម បានលើកទឹកចិត្តថា យើងរួមសុខ រួមទុក្ខជាមួយគ្នា ថ្នាក់ដឹកនាំមិនទុកបងប្អូនចោលនោះទេ។
គួរជម្រាបថា ថវិកាដែលបានចែកជូនប្រជាពលរដ្ឋដែលរងគ្រោះចំនួន ៤២ គ្រួសារ ដោយ ៣០គ្រួសារ ដែលត្រូវភ្លើងឆេះគេហដ្ឋានទាំងស្រង់ទទួលបាន ២០មុឺនរៀល ៨គ្រួសារ ដែលត្រូវភ្លើងឆេះគេហដ្ឋានមធ្យម ក្នុងមួយគ្រួសារទទួលបាន ១៥ មុឺនរៀល និង ៤ គ្រួសារដែលត្រូវបានប៉ះពាល់ដោយអគ្គីភ័យ ដោយក្នុងមួយគ្រួសារទទួលបាន ១០មុឺនរៀល ដែលសរុបជាថវិកាចំនួន ៧,៦០០,០០០ រៀល ជាថវិការបស់សមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជាផ្ទាល់។