កំពត៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដឹកនាំថ្នាក់ដឹកនាំសម្ព័ន្ធយុវជនមុស្លិមកម្ពុជាក្នុងការផ្ដល់ជូនសៀវភៅអាន ក្រោមគំនិតផ្តួចផ្តើមរបស់ សយមក គ្រឹះស្ថានឧត្តមសិក្សាទាំង១៣ នៅរាជធានីភ្នំពេញ ដែលបានចំណាយថវិកាជាង ២៥០០ដុល្លារ ជូនដល់បណ្ណាល័យផ្ទះយុវវ័យ និងវប្បធម៌ ហៅកាត់ MJC ដែលមានទីតាំងនៅក្នុងក្រុងកំពត ខេត្តកំពត។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ឹង ឆាយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មកពីបណ្តាក្រសួង ស្ថានប័ន សមាជិកសមាជិកា សយមក ថ្នាក់កណ្តាល សយមក គ្រឹះស្ថានឧត្តមសិក្សារាជធានីភ្នំពេញ និងថ្នាក់ខេត្តយ៉ាងច្រើនកុះករ។
ឯកឧត្ដម អ៊ឹង ឆាយ បានថ្លែងអំណរអរគុណដល់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលបានខិតខំប្រឹងប្រែងចងក្រងសៀវភៅនេះឡើង ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអាននៅកម្ពុជា។ ឯកឧត្ដមបានបន្ថែមថា សូមឲ្យយុវជនកម្ពុជាបង្កើនសមត្តភាពអានដើម្បីទទួលបាន គំនិត និងចំណេះដឹងល្អៗ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិទាំងមូល។
លោក ណាសៀត អូស្មាន បានសម្តែងនូវក្តីរំភើបរីករាយ និងកោតសរសើរក្រៃលែងដល់ប្អូនៗ សមាជិកសមាជិកា សយមក គ្រឹះស្ថានឧត្តមសិក្សា រាជធានីភ្នំពេញ ដែលបានផ្តួចផ្តើមគំនិតនេះឡើង ជាប្រយោជន៍ដ៏សំខាន់ដល់ការ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជា។
គួរជម្រាបជូនថា កម្មវិធីផ្តល់ជូនសៀវភៅនេះ គឺជាគម្រោងទី១ របស់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលត្រូវបានធ្វើឡើងក្រោមប្រធានបទ «សៀវភៅចាស់ ក្ដីសង្ឃឹមថ្មី»។