សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ចុះអនុស្សារៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Reskill

ទីក្រុងគួឡាឡាំពួរ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (សយមក) បានដឹកនាំថ្នាក់ដឹកនាំ សយមក បំពេញទស្សនកិច្ចសិក្សា នៅស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Reskill នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សារៈនៃការយោគយល់គ្នាផងដែរ។

ក្រុមហ៊ុន Reskill គឺជាប្រព័ន្ធអប់រំដែលផ្តល់កម្មវិធីវគ្គបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្សគ្រប់ជំនាញបែបទំនើបលើប្រព័ន្ធអនឡាញ ដែលផ្តល់ភាពងាយស្រួលដល់សិក្ខាកាម និងអ្នកសិក្សាគ្រប់កម្រិត គ្រប់ជាតិសាសន៍នៅលើសកលលោក ក្នុងតម្លៃសមរម្យបំផុត គឺ១ដុល្លារក្នុង១ខែ។ ក្នុងដំណើរបេសកកម្មរបស់ខ្លួន ចាប់តាំងពីដើមឆ្នាំ២០២១ មកដល់បច្ចុប្បន្ន Reskill សម្រេចបានការផ្តល់វិញ្ញាបនបត្រ ចំនួន ១៨៩៦៧៣ ដែលមានគ្រូជំនាញបណ្តុះបណ្តាលជាង ៥០០នាក់ លើសកលលោក។

ក្នុងបរិបទ ដែលកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យអប់រំគ្រប់ទម្រង់ Reskill បានមើលឃើញពីការពង្រីកបេសកកម្ម និងទីផ្សាររបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើការកិច្ចសហប្រតិបត្តិការភាពជាដៃគូរ ក្នុងស្រុកដំបូង ជាមួយ សយមក ដើម្បីសម្រេចទស្សនវិស័យរបស់ខ្លួន ប្រកបដោយភាពជោគជ័យ ស្របតាមបរិបទជាក់ស្តែងនៅកម្ពុជា៕