នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ និងពាំនាំអំណោយមនុស្សធម៍ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដម ណាសៀត អូស្មាន បានចូលរួមសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើង និងបានលើកទឹកចិត្តដល់ជនរងគ្រោះទាំងអស់ សូមកុំបាក់ទឹកចិត្ត ហើយសង្ឃឹមថាស្ថានការនឹងល្អប្រសើរឡើងវិញសម្រាប់គ្រប់គ្នា។ ជាមួយគ្នានោះ ឯកឧត្ដម ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗគ្នា ព្រោះខែនេះ មានខ្យល់ខ្លាំង ជាហេតុបណ្ដាលឲ្យមានអគ្គីភ័យកើតឡើងគ្រប់ពេលវេលា។
សូមបញ្ជាក់ថា អគ្គិភ័យនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ៧ ខ្នង នៅភូមិ ឃុំ ខាងលើ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ។
ផ្ទះដែលរងការខូចខាតដោយសារអគ្គីភ័យខាងលើមានដូចជា ផ្ទះអ្នកស្រី កូប ជះ ទំហំ 7×9 ផ្ទះលោក សេន កទៀត ទំហំ 9×7 ផ្ទះលោក ឡេះ សល់ ទំហំ 9×12 ផ្ទះលោកស្រី តាំ សារ៉ស់ ទំហំ 7×9 ផ្ទះលោក យ៉ា អី ទំហំ 6×12 ផ្ទះលោក សេន សា ទំហំ 6×12 និងផ្ទះលោក ស្លេះ ចាកហ្វើត ទំហំ 10×9។
សូមជម្រាបថា អំណោយដែលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានពាំនាំផ្ដល់ជូនជនរងគ្រោះទាំង ៧ គ្រួសារ ដោយក្នុង មួយគ្រួសារ ទទួលបាន ប្រាក់ ៤០ មុឺនរៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួនផងដែរ៕