ពិធីបិទកិច្ចពិភាក្សាយុវជន ស្តីពី «យុវជនក្នុងយុគសម័យឌីជីថល៖ ការផ្សាភ្ជាប់គុណតម្លៃសាសនាឥស្លាម ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល»

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកមកម្ពុជា(CMYA) បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចពិភាក្សាយុវជន ស្តីពី “យុវជនក្នុងយុគសម័យឌីជីថល៖ ការផ្សាភ្ជាប់គុណតម្លៃសាសនាឥស្លាម ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល” ដោយមានការចូលរួមពីសិស្សនិស្សិត បញ្ញវន្ត ជាង ១០០នាក់ ដែលមកពីសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ នៅសណ្ឋាគារភ្នំពេញ។
កិច្ចពិភាក្សាខាងលើត្រូវបានរៀបចំឡើងដោយ សមាគមសម្ព័ន្ធយុវជនមុស្លីម(CMYA) រាជធានីភ្នំពេញ ដោយមានការឧបត្ថម្ភពី អង្គការ Habbah ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានយុវជនមុស្លីមកម្ពុជា ឱ្យក្លាយជាយុវជនគំរូទាំងផ្នែកចំណេះដឹងទូទៅ និងផ្នែកសីលធម៌សាសនា។ ក្រោមការសម្របសម្រួល និងមានវាគ្មិនជំនាញៗ កិច្ចពិភាក្សាពេញមួយរសៀល បានផ្តោតសំខាន់ លើចំណុចគន្លឹះចំនួន ៣រួមមាន ការយល់ដឹងអំពីបរិវិត្តកម្មឌីជីថល, ការអនុវត្តគុណតម្លៃសាសនាឥស្លាម,និងបច្ចេកវិទ្យាបម្រើដល់បរិស្ថានសង្គម។
ក្នុងឱកាសនោះ ឯកឧត្តម ណាសៀត អូស្មាន បានមានប្រសាសន៍ថា ប្រធានបទដែលវាគ្មិនបានលើកយកមកធ្វើការពិភាក្សានៅថ្ងៃនេះ គឺពិតជាមានតម្លៃ និងជាការកសាង «អរិយធម៌ឌីជីថល» មួយដែលផ្អែកលើគ្រឹះនៃសាសនាឥស្លាម។ សាសនាឥស្លាមបង្រៀនយើងឱ្យស្វែងរក ចំណេះដឹងទោះបីនៅទីណាក៏ដោយ ប៉ុន្តែក៏បង្រៀនយើងឱ្យរក្សានូវ អាម៉ាណះ (Amanah) ឬការទទួលខុស ត្រូវចំពោះអ្វីដែលយើងមាននៅក្នុងដៃផងដែរ។
ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំសមាគម និងជាទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តមបានចែករំលែកនូវទស្សនៈចំនួន ៤ ចំណុច ដើម្បីទុកជាមាគ៌ាសម្រាប់ប្អូនៗយុវជនយកទៅអនុវត្តបន្តក្នុងជីវិតបរិបថឌីជីថល មានដូចជា ការប្រើប្រាស់ឌីជីថលជាកាលានុវត្តភាពនៃការអប់រំ ការពង្រឹងសីលធម៌ និងគុណតម្លៃសាសនា ការការពារអត្តសញ្ញាណ និងសន្តិសុខឌីជីថល និងការចូលរួមចំណែកក្នុងសង្គមជាតិ។
ឯកឧត្តមបានបន្ថែមដែរថា ជោគជ័យនៃកិច្ចពិភាក្សានាថ្ងៃនេះ មិនមែនបញ្ចប់ត្រឹមតែការបិទកម្មវិធីនេះទេ ប៉ុន្តែលទ្ធផលនៃកិច្ចពិភាក្សានា ថ្ងៃនេះ វាក៏បានផ្តល់នូវចំណេះដឹងបន្ថែមទៀតទៅដល់ប្អូនៗយុវជនផងដែរ ហើយឯកឧត្តម បានសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗ យុវជនដែលមានវត្តមាននៅទីនេះ នឹងក្លាយជាគ្រាប់ពូជដ៏ល្អដែលនាំយកចំណេះដឹង និងស្មារតីឌីជីថល ប្រកបដោយសីលធម៌ ទៅចែកចាយបន្តដល់មិត្តភក្តិ និងបងប្អូនដទៃទៀត៕