លោក ណាសៀត អូស្មាន សាកសួរសុខទុក្ខគ្រួសារបងប្អូនខ្មែរឥស្លាម ដែលកំពុងជួបការលំបាក

ត្បូងឃ្មុំ៖ បន្ទាប់ពីបានបញ្ចប់ពិធីប្រគល់បង្គន់អនាម័យ​ ចំនួន​ ៥០​ ជូនដល់លោកតា​ លោកយាយ​ និងបងប្អូនខ្មែរឥស្លាម​ រស់នៅក្នុងភូមិចំនួន៦​ ស្ថិតក្នុងឃុំ​កោងកាង​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំរួចមក​ នៅព្រឹកថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៦​ ដដែល​ លោក​ ណាសៀត​ អូស្មាន​ ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា​ បានដឹកនាំយុវជនសមាជិកសមាជិកា​ អញ្ជើញសាកសួរសុខទុក្ខ​ គ្រួសារបងប្អូនខ្មែរឥស្លាមដែល កំពុងជួបការលំបាក​ មានជំងឺ​ និងទីទាល់ក្រ​ ខ្វះផ្ទះសម្បែងចំនួនបីគ្រួសារ​ រស់នៅក្នុងភូមិពោធិឥន្ទ​ ក្នុងឃុំខាងលើ។​

ទី១​ គ្រួសារលោក​ ឯល​ គ្រីយ៉ា​ ជាគ្រូបង្រៀន​ ដែលកំពុងមានជំងឺឆ្អឹងខ្នងធ្ងន់ធ្ងរ​ មិនអាចក្រោកពីកន្ទេលរួច​ ដើម្បីរកទទួលទានចិញ្ចឹមគ្រួសារបាន​ ហើយកំពុងសំរាកព្យាលនៅផ្ទះ។
ទី២​ លោកយាយ​ ចាស់ជរា​ ពិការភ្នែក​ ឈ្មោះ​ អៃសះ​ រស់នៅយ៉ាងទុរគត់ម្នាក់ឯង។
ទី៣​ គ្រួសារលោក​ ម៉ាត់​ ឯល​ ដែលទីទាល់ក្រ​ បន្ទាប់ពីរូបលោកបានធ្លាក់ខ្លួនឈឺ​ មិនអាចបន្តរកស៊ីទទួលទានផ្គត់ផ្គង់គ្រួសារទៀតបាន។​ បន្ទាប់មក​ ផ្ទះក៏ចាស់ទ្រុឌទ្រោម​ ក៏សម្រេចចិត្តរុះរើ​ សង់ខ្ទមនាំគ្រួសារជ្រកកោនបណ្តោះអាសន្នមិនមានពេលកំណត់​ ដោយមិនមានលទ្ធភាពសាងស់ផ្ទះឡើងវិញ។
ដោយមើលឃើញពីទុក្ខលំបាក​ ជីវ:ភាពទីទាល់ក្រ​ លោកប្រធានសមាគម​ ក៏បានឧបត្ថម្ភថវិកាមួយចំនួន​ ជូនដល់គ្រួសារទាំងបីខាងលើ​ ដើម្បីដោះស្រាយជីវភាពរយ:ពេលខ្លី​ និងពិនិត្យមើលលទ្ធភាព​ ដើម្បីស្វែងរកជំនួយ​ ជួយសាងសង់ផ្ទះជូនគ្រួសារលោក​ ម៉ាត់​ ឯល​។