ក្រចេះ៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២១៧ ក្រុមយុវជនសមាគមសម្ព័ន្ធមុស្លិមកម្ពុជា ដែលដឹកនាំដោយលោក សាន់ សារ៉ន អនុប្រធានសមាគមសម្ព័ន្ធមុស្លិមកម្ពុជា តំណាងលោក ណាសៀត អូស្មាន បានចុះចែកអំណោយ ជូនប្រជាពលរដ្ឋ ចំនួន១០គ្រួសារ ដែលរងគ្រោះរលំផ្ទះទាំងស្រុងដោយសារបាក់ច្រាំងទន្លេ នៅព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ អំណោយទាំងនោះរួមមាន អង្ករ៥០គីឡូ ទឹកត្រី១យួរ ទឹកសុីអីវ១យួរ និងប្រេងឆា២លីត្រមួយដប។ ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលនៃគណៈអភិបាលស្រុកឆ្លូង លោកអ៊ីមុំាខេត្ត ព្រមទាំងយុវជន សយមក ខេត្តផងដែរ។
បន្ទាប់មកក្រុមការងារក៏បានបន្តប្រគល់ផ្ទះឈើប្រក់ស័ង្គសី មួយខ្នង ទំហំ ៤គុណនឹង៨ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ តាមរយៈសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ជូនលោកយាយ សុះ តីម៉ះ អាយុ៦០ឆ្នាំ ដែលជាស្ត្រីមេម៉ាយទីទ័លក្រ នៅភូមិជាំក្រសាំង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។