(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ CMYA រាជធានី-ខេត្ត ទូទាំងប្រទេស។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅឯស្នាក់ការកណ្តាល CMYA នារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំដែលជាប្រធានតំណាងរាជធានី-ខេត្តនីមួយៗ។
ឯកឧត្តមប្រធានបណ្ឌិត អូស្មាន ហាស្សាន់ បានមានប្រសាសន៍ លើកទឹកចិត្ត និងកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកា CMYA ទាំងអស់ដែលបានដឹកនាំ សហការ សម្រេចបានលទ្ធការងារ គួរជាទីមោទនៈ ក្នុងការងារមនុស្សធម៌សង្គមនាពេលកន្លងមក។
ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បន្តថា CMYA នៅគ្រប់រាជធានី-ខេត្ត ទាំងអស់ត្រូវពង្រឹងប្រព័ន្ធការងាររដ្ឋបាលរបស់ខ្លួនបន្ថែមទៀត ដោយប្រើស្តង់ដារតែមួយ ដែលជាអត្តសញ្ញាណរបស់ CMYA។ បន្ថែមពីនេះយើងត្រូវបន្តសហការគ្នាឱ្យបានល្អ និងបង្កើនវឌ្ឍនភាពការងារ ប្រកបដោយជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។
ជាចុងបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវបន្តដឹកនាំលើកទឹកចិត្ត និងសម្រួលដល់យុវជនដែលមានបំណងក្នុងការចូលរួម ការងារមនុស្សធម៌សង្គមឱ្យបានកាន់តែច្រើនបន្ថែមទៀត។