ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CMYA) តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់ឧបត្ថម្ភចំនួន ១០,៨០០ ដុល្លារអាមេរិក ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន ១២ គ្រួសារ នាពេលថ្មីៗនេះ នៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្លេះ ពន់យ៉ាមីន សមាជិកព្រឹទ្ធសភា ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា និងជាគណៈអុីម៉ាខេត្តត្បូងឃ្មុំ ឯកឧត្តមទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។
អំណោយថវិកានេះ ទទួលបានពីសមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម តាមរយៈសប្បុរសជននៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់។ ជាមួយគ្នាដែរ មជ្ឈមណ្ឌលឥស្លាមភ្នំពេញ(PPIC) ក៏បានរួមចំណែកជួយ ១១០០ដុល្លារ ក្នុងនោះគ្រួសាររងផលប៉ះពាល់ទាំងស្រុងទទួលបាន ចំនួន ៤០ម៉ឺនរៀល ក្នុង១ គ្រួសារ និង២ គ្រួសារ ដែលរងផលប៉ះពាល់តិចជាងទទួលបាន ក្នុង ១គ្រួសារ ២០ម៉ឺនរៀល។
ជាមួយគ្នាដែរ ឯកឧត្តម ណាសៀត អូស្មាន បាននាំមកនូវ ការផ្តាំផ្ញើចែករំលែកទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដល់ក្រុមគ្រួសាររងគ្រោះ ចំពោះឧបទ្ទវហេតុ ដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ របស់គ្រួសាររងគ្រោះ។
ឯកឧត្តមមានប្រសាសន៍បន្ថែម ដើម្បីផ្តល់កម្លាំងចិត្តដល់គ្រួសារទាំង ១២ ថា៖ «ទោះបីជាទ្រព្យសម្បត្តិ និងផ្ទះសម្បែងត្រូវបាត់បង់ក្នុងភ្នក់ភ្លើង ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺជីវិត និងសុខុមាលភាពរបស់បងប្អូន។ រាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជន មិនបោះបង់បងប្អូនចោលឡើយ។ សូមបងប្អូនរក្សាស្មារតីឱ្យរឹងមាំ ដើម្បីរួមគ្នាស្ដារជីវភាពឡើងវិញឱ្យបានឆាប់រហ័ស»។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ទោះបីជាទឹកប្រាក់ឧបត្ថម្ភនេះមិនអាចប៉ះប៉ូវនូវរាល់ការបាត់បង់ទាំងស្រុងក៏ពិតមែន ប៉ុន្តែវាគឺជាការរួមចំណែកសម្រាលទុក្ខលំបាកភ្លាមៗ និងជាស្ពានសម្រាប់បងប្អូនចាប់ផ្តើមជីវភាពជាថ្មី។ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ទ្វេដង ជាពិសេសក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង ដែលងាយបង្កជាគ្រោះអគ្គិភ័យបំផុត៕

